នាថ្ងៃសុក្រ ៦កើត ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣, អគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដឹកនាំដោយឯកឧត្តម យ៉េត វីណែល អនុរដ្ឋលេខាធិការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (កសហវ.) និងជាអគ្គលេខាធិការរង នៃ (អ.គ.ហ.) តំណាងឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការ នៃ កសហវ. និងជាអគ្គលេខាធិការ នៃ អ.គ.ហ. អមដោយ ឯកឧត្តម អ៊ុ យុទ្ធី ប្រធានផ្នែករដ្ឋបាល ហិរញ្ញវត្ថុ និងត្រួតពិនិត្យនិងវាយតម្លៃ ព្រមទាំងមន្ត្រីជំនាញជាន់ខ្ពស់ និង មន្ត្រីជំនាញ នៃ អ.គ.ហ. បានរៀបចំសិក្ខាសាលាបញ្ជ្រៀបការយល់ដឹងស្តីពី “ការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងសមិទ្ធកម្ម និងគណនេយ្យភាព (PMAS)” សម្រាប់កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដោយមានការចូលរួមពីបណ្តាអគ្គនាយកដ្ឋាន ក្រសួង-ស្ថាប័ន និងមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុរាជធានី-ខេត្ត។ ការរៀបចំសិក្ខាសាលានេះ ក្នុងគោលបំណងសម្រាប់បង្ហាញជូនដល់សិក្ខាកាមលើប្រព័ន្ធ PMAS សម្រាប់ជំនួយដល់ការរៀបចំផែនការសកម្មភាព របស់អង្គភាព ដើម្បីផ្តល់ភាពងាយស្រួលក្នុងការរៀបចំជារបាយការណ៍វឌ្ឍនភាពប្រចាំត្រីមាស និងប្រចាំឆ្នាំ, ការគ្រោងថវិកា និងផែនការសម្រាប់កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។